នាំការសរសើរ ទៅដល់ចុងបំផុតនៃផែនដី
សព្វថ្ងៃនេះ ការប្រើប្រាស់ផែនទីកាន់តែមានការពេញនិយម។ ជាទូទៅ យើងអាចដឹង អំពីទីកន្លែងដែលគេគូផែនទីនីមួយៗ ដោយមើលទៅចំណុចកណ្តាលនៃផែនទីនោះ។ ជាញឹកញាប់ យើងច្រើនតែគិតថា ផ្ទះរបស់យើងស្ថិតនៅក្នុងចំណុចកណ្តាលនៃពិភពលោក ដូចនេះ យើងក៏បានគូសចំណាំទីតាំងផ្ទះរបស់យើងនៅលើផែនទី ដោយគូសចំណុចមូលខ្មៅតូចមួយពីលើវា ហើយគូសខ្សែ ឬបន្ទាត់ចេញពីចំណុចខ្មៅនោះ។ ក្រុងដែលនៅក្បែរតំបន់យើងរស់នៅ ប្រហែលជានៅខាងជើង ចម្ងាយតែ៥០គីឡូម៉ែត្រ ឬស្ថិតនៅចម្ងាយផ្លូវដែលត្រូវបើកបររយៈពេលមួយម៉ោង ប៉ុន្តែ យើងពិពណ៌នាអំពីទីតាំងទាំងនោះ ដោយធៀបនឹងទីតាំងដែលយើងកំពុងតែស្ថិតនៅ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរទំនុកដំកើង ដែលបានគូស “ផែនទី” ដោយផ្អែកទៅលើទីតាំងរបស់ព្រះវិហាររបស់ព្រះអម្ចាស់ ក្នុងសម័យសញ្ញាចាស់ ហេតុនេះហើយ គេបានយកទីតាំងរបស់ទីក្រុងយេរូសាឡិម ជាចំណុចកណ្តាលនៃផែនទីភូមិសាស្រ្តនៃព្រះគម្ពីរ។
បទគម្ពីរទំនុកដំកើង ជំពូក៤៨ ស្ថិតក្នុងចំណោមបទគម្ពីរទំនុកដំកើងជាច្រើន ដែលពោលសរសើរទីក្រុងយេរូសាឡិម។ គឺដូចមានសេចក្តីចែងថា “ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់ ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអរ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ”(ខ.១-២)។ ដោយសារ “ទ្រង់ជាទីពឹងនៅក្នុង ព្រះរាជវាំងនៃក្រុងនោះ នោះ ព្រះអង្គនឹងតាំងទីក្រុងនោះ ឲ្យនៅជាប់ជារៀងរាបដរាបទៅ(ខ.៣,៨)។ ព្រះកិត្តនាមរបស់ព្រះអង្គបានចាប់ផ្តើមឮសុះសាយ ពីព្រះវិហារនៃទីក្រុងយេរូសាឡិម ទៅដល់ចុងបំផុតនៃផែនដី(ខ.៩-១០)។
ផ្ទះរបស់យើងមិនស្ថិតនៅក្នុងចំណុចកណ្តាល នៃផែនទីរបស់ព្រះគម្ពីរឡើយ បើសិនជាផ្ទះរបស់អ្នកមិនស្ថិតនៅក្នុងទីក្រុងយេរូសាឡិមទេនោះ។ តែតំបន់ដែលអ្នកកំពុងតែរស់នៅ ក៏សំខាន់ដូចតំបន់ដទៃទៀតផងដែរ ព្រោះព្រះជាម្ចាស់ នៅតែបន្តត្រាស់ហៅយើង ឲ្យនាំការសរសើរព្រះនាមព្រះអង្គ ទៅដល់ចុងបំផុតនៃផែនដី(ខ.១០)។…